ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស សហការណ៍ជាមួយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការកោះហៅបុរសម្នាក់ឈ្មោះ សំ កុម្ភ: ដែលបានយកព័ត៌មានចាស់មកឡាយធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ជាពិសេសបង្កឲ្យមានចលាចលក្នុងសង្គម។
បុរសម្នាក់ឈ្មោះ សំ កុម្ភៈ ជាម្ចាស់គណនីហ្វេសប៊ុកផេក TCB អលចនទ្រព្យកម្ពុជា ដែលបានយករូបភាពករណីឆេះផ្ទះប្រជាពលរដ្ឋដែលបានកើតឡើងតាំងពីខែមិថុនា ឆ្នាំ២០១៩ នៅសង្កាត់ទួលទំពូង ខណ្ឌចំការមន យកមកធ្វើការបង្ហោះឡាយជាវីដេអូ (Live Steam) កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៣:៣០នាទី នៅរាជធានីភ្នំពេញ ក្នុងគោលបំណងចង់ឲ្យមានភាពទាក់ទាញខ្លាំងមកលើផេករបស់គាត់ ដែលធ្វើអោយសាធារណជនមានការភ័ណ្ឌច្រឡំ ជាពិសេសអាចបង្កឲ្យមានភាពចលាចលក្នុងសង្គមផងដែរ។
បុរសម្នាក់នេះត្រូវបានក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការណ៍ជាមួយយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃផែនការងារសន្តិសុខ កោះហៅឲ្យចូលខ្លួនមកធ្វើការបំភ្លឺ លើករណីនេះ បុរសម្នាក់នេះបានសារភាពកំហុស ធ្វើកិច្ចសន្យា និងថតជាវីដេអូសុំទោសជាសាធារណ:ចំពោះទង្វើដែលខ្លួនបានធ្វើដោយយកព័ត៌មានចាស់ករណីអគ្គិភ័យតាំងពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ មកឡាយដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ។
សូមចូលរួមសហការណ៍ផ្សព្វផ្សាយតែព័ត៌មានពិត និងជួយទប់ស្កាត់ឲ្យបានរាល់ព័ត៌មានមិនពិតដែលមានធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ បង្កភាពវឹកវរ ចលាចលក្នុងសង្គម ។ ល។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស សូមអំណរគុណចំពោះកិច្ចសហការណ៍ល្អរបស់សាធារណជន ជាពិសេសបណ្ដាញទំនាក់ទំនងសង្គមដែលបានចូលរួមចំណែករក្សាការពាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម រិះគន់ក្នុងន័យស្ថាបនា និងទទួលយកជាមូលដ្ឋានធ្វើការកែលម្អ ហើយក៏សូមអំពាវនាវដល់សាធារណជន និងបណ្ដាញសង្គមចៀសវាងការអត្ថាធិប្បាយ ចងក្រងខ្លឹមសារ រូបភាពសកម្មភាពបំផ្លើសការពិត ជាហេតុបង្កឲ្យមានភាពវឹកវរ បំពុលបរិយាកាសសង្គម ចលាចល បង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ជាធរមានផងដែរ៕